អុលឡោះដាក់ទោសមនុស្សពោលពាក្យទុច្ចរិតបទពីសៀវភៅរបស់គ្រូចំរៀង។ ទំនុករបស់ណាពីទត។ 1 ឱអុលឡោះអើយ សូមទ្រង់ស្តាប់ទំនួញ របស់ខ្ញុំ! ខ្ញុំភ័យខ្លាចខ្មាំងសត្រូវណាស់ សូមការពារជីវិតខ្ញុំផង!។ 2 សូមការពារខ្ញុំឲ្យរួចផុត ពីការឃុបឃិតរបស់មនុស្សអាក្រក់ និងឲ្យខ្ញុំបានរួចផុត ពីកណ្ដាប់ដៃរបស់ពួកមនុស្សពាល។ 3 គេប្រើពាក្យសំដី ដូចដាវដ៏មុត ពួកគេចោលពាក្យសំដី ដូចគេចោលលំពែង។ 4 ពួកគេលួចប្រហារមនុស្សទៀងត្រង់ គឺគេប្រហារមិនឲ្យដឹងខ្លួន ហើយពួកគេមិនខ្លាចក្រែងអ្វីឡើយ។ 5 ពួកគេនិយាយលើកទឹកចិត្តគ្នា ឲ្យប្រព្រឹត្តអំពើអាក្រក់ ពួកគេគិតគ្នាពីការលបដាក់អន្ទាក់ ចាំចាប់អ្នកដទៃ ទាំងពោលថា «គ្មាននរណាឃើញទេ!»។ 6 គេនាំគ្នាបង្កអំពើទុច្ចរិត ទាំងពោលថា៖ «ឥឡូវនេះ យើងរៀបចំផែនការ របស់យើងយ៉ាងល្អរួចរាល់ហើយ!»។ គ្មាននរណាអាចយល់គំនិតអប្រិយ នៅក្នុងជម្រៅចិត្តរបស់មនុស្សបានទេ! 7 ក៏ប៉ុន្តែ អុលឡោះនឹងប្រហារពួកគេ ដោយមិនឲ្យដឹងខ្លួនជាមុន ពួកគេក៏របួសដួល។ 8 ពាក្យសំដីរបស់ពួកគេបានធ្វើឲ្យខ្លួនវិនាស អស់អ្នកដែលឃើញពួកគេ នឹងនាំគ្នាគ្រវីក្បាល។ 9 មនុស្សលោកទាំងអស់នឹងនាំគ្នាកោតស្ញប់ស្ញែង គេប្រកាសពីស្នាដៃរបស់ទ្រង់ គេយល់អំពីកិច្ចការដែលទ្រង់បានធ្វើ។ 10 សូមឲ្យមនុស្សសុចរិតមានអំណរសប្បាយ ដោយសារអុលឡោះតាអាឡា ហើយនាំគ្នាមកជ្រកកោនជាមួយទ្រង់ សូមឲ្យអស់អ្នកដែលមានចិត្តទៀងត្រង់ លើកតម្កើងទ្រង់។ |
© 2014 United Bible Societies, UK.
United Bible Societies