ព្រះអម្ចាស់មិនបោះបង់អ៊ីស្រាអែលទេ1 ព្រះអម្ចាស់មានព្រះបន្ទូលថា: លិខិតបញ្ជាក់ថា យើងលែងលះម្ដាយអ្នករាល់គ្នានៅឯណា? តើយើងលក់អ្នករាល់គ្នា ដើម្បីសងបំណុលនរណា? យើងបានលក់អ្នករាល់គ្នា ព្រោះតែអំពើទុច្ចរិតដែលអ្នករាល់គ្នាប្រព្រឹត្ត យើងបានលែងលះម្ដាយអ្នករាល់គ្នា ព្រោះតែអ្នករាល់គ្នាបះបោរ! 2 ពេលយើងមក ហេតុអ្វីបានជាមិនឃើញ មាននរណាម្នាក់ដូច្នេះ? យើងបានស្រែកហៅ ហេតុអ្វីបានជាគ្មាននរណាឆ្លើយសោះ? តើដៃរបស់យើងខ្លីពេក រំដោះអ្នករាល់គ្នាពុំកើតឬ? តើយើងគ្មានកម្លាំងល្មមនឹងដោះលែង អ្នករាល់គ្នាឬ? ពេលយើងស្រែកគំរាម នោះសមុទ្រក៏រីងស្ងួត ទន្លេក្លាយទៅជាវាលរហោស្ថាន ធ្វើឲ្យត្រីវិនាសអស់ ព្រោះគ្មានទឹក។ 3 យើងអាចធ្វើឲ្យផ្ទៃមេឃប្រែជាងងឹត ព្រមទាំងធ្វើឲ្យវាអាប់អួ ដូចកាន់ទុក្ខទៀតផង។ អ្នកបម្រើរបស់ព្រះអម្ចាស់ត្រូវគេធ្វើបាប តែព្រះអង្គបានជួយសង្គ្រោះលោក4 ព្រះជាអម្ចាស់បង្រៀនខ្ញុំឲ្យនិយាយ ពាក្យសម្ដីជាសិស្ស ដើម្បីឲ្យខ្ញុំលើកទឹកចិត្ត មនុស្សដែលអស់សង្ឃឹម។ រៀងរាល់ព្រឹក ព្រះអង្គរំឭកដាស់តឿនខ្ញុំ ហើយអប់រំខ្ញុំឲ្យចេះស្ដាប់ ដូចសិស្សស្ដាប់ពាក្យគ្រូ។ 5 ព្រះជាអម្ចាស់ណែនាំខ្ញុំឲ្យយកចិត្តទុកដាក់ស្ដាប់ រីឯខ្ញុំវិញ ខ្ញុំមិនបានបះបោរប្រឆាំង ឬដកខ្លួនថយក្រោយឡើយ។ 6 ខ្ញុំបានបែរខ្នងទៅឲ្យអ្នកដែលចង់វាយខ្ញុំ ខ្ញុំបានបែរមុខទៅឲ្យអ្នកដែលចង់ បោចពុកចង្ការបស់ខ្ញុំ ពេលគេប្រមាថមើលងាយ និងស្ដោះទឹកមាត់ដាក់ខ្ញុំ ខ្ញុំមិនបានគេចមុខចេញឡើយ។ 7 ព្រះជាអម្ចាស់យាងមកជួយខ្ញុំ ហេតុនេះហើយបានជាខ្ញុំមិនបាក់មុខ ខ្ញុំរក្សាទឹកមុខរឹងប៉ឹង ព្រោះខ្ញុំដឹងថា ខ្ញុំមិនត្រូវអាម៉ាស់ឡើយ។ 8 ព្រះអង្គដែលរកយុត្តិធម៌ឲ្យខ្ញុំ ទ្រង់គង់នៅក្បែរខ្ញុំ តើនរណាចង់ប្ដឹងខ្ញុំ? សុំអញ្ជើញមក យើងទៅតុលាការជាមួយគ្នា! តើនរណាចង់ចោទប្រកាន់ខ្ញុំ សុំអញ្ជើញមកជួបខ្ញុំចុះ! 9 មែនហើយ! ព្រះជាអម្ចាស់យាងមកជួយខ្ញុំ តើនរណាអាចផ្ដន្ទាទោសខ្ញុំ? ពួកអ្នកដែលជំទាស់នឹងខ្ញុំមុខជាត្រូវហិនហោច ដូចសម្លៀកបំពាក់ដែលត្រូវកណ្ដៀរស៊ី។ 10 ក្នុងចំណោមអ្នករាល់គ្នា បើអ្នកណាគោរពកោតខ្លាចព្រះអម្ចាស់ អ្នកនោះត្រូវស្ដាប់តាមអ្នកបម្រើរបស់ព្រះអង្គ បើអ្នកណាដើរក្នុងភាពងងឹត ហើយមិនឃើញពន្លឺទេ អ្នកនោះត្រូវពឹងផ្អែកលើព្រះនាមព្រះអម្ចាស់ និងផ្ញើជីវិតលើព្រះអង្គចុះ! 11 រីឯអ្នកទាំងអស់គ្នាដែលបង្កាត់ភ្លើង ហើយដុតព្រួញភ្លើង អ្នករាល់គ្នាមុខជាត្រូវធ្លាក់ទៅក្នុងភ្លើងដែល ឆេះយ៉ាងសន្ធោសន្ធៅ ព្រួញភ្លើងដែលអ្នករាល់គ្នាដុត ក៏នឹងឆាបឆេះអ្នករាល់គ្នាដែរ។ យើងដាក់ទោសអ្នករាល់គ្នា ដោយដៃយើងផ្ទាល់ ហើយអ្នករាល់គ្នា នឹងត្រូវស្លាប់យ៉ាងសែនវេទនា។ |
Khmer Standard Version © 2005 United Bible Societies.
United Bible Societies