ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


អេសាយ 14 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥
អេសាយ 14

មាតុ‌ភូមិ​និវត្តន៍​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល

1 ព្រះ‌អម្ចាស់​អាណិត‌អាសូរ​ដល់​ពូជ‌ពង្ស​លោក​យ៉ាកុប ព្រះអង្គ​នៅ​តែ​ជ្រើស​រើស ជន‌ជាតិ​អ៊ីស្រា‌អែល​ដដែល ព្រះអង្គ​នឹង​ឲ្យ​គេ​ទៅ​រស់​នៅ​លើ​ទឹក​ដី​របស់​ខ្លួន​វិញ។ ជន​បរទេស​នឹង​មក​ជ្រក​កោន ហើយ​រួម​រស់​ជា​មួយ​កូន​ចៅ​លោក​យ៉ាកុប។

2 ជាតិ​សាសន៍​នានា​នឹង​ជួយ​ជន‌ជាតិ​អ៊ីស្រា‌អែល ឲ្យ​វិល​ត្រឡប់​ទៅ​មាតុ‌ភូមិ​របស់​ខ្លួន​វិញ។ នៅ​លើ​ទឹក​ដី​របស់ព្រះ‌អម្ចាស់ អ៊ីស្រា‌អែល​នឹង​យក​អ្នក​ទាំង​នោះ​ធ្វើ​ជា​ទាសា‌ទាសី។ ជន‌ជាតិ​អ៊ីស្រា‌អែល​នឹង​ចាប់​អស់​អ្នក​ដែល​បាន​ចាប់​ពួក​គេ​ទៅ​ជា​ឈ្លើយ យក​មក​ជា​ឈ្លើយ​វិញ ហើយ​យក​អស់​អ្នក​ដែល​ធ្លាប់​សង្កត់‌សង្កិន​ខ្លួន ធ្វើ​ជា​ចំណុះ​ដែរ។

ព្រះ‌បន្ទូល​ប្រឆាំង​នឹង​ស្ដេច​ស្រុក​បាប៊ី‌ឡូន

3 អ៊ីស្រា‌អែល​អើយ ក្រោយ​ពី​អ្នក​នឿយ‌ហត់ និង​រង​ទុក្ខ​វេទនា​ជា​ច្រើន ហើយ​បន្ទាប់​ពី​អ្នក​ធ្វើ​ជា​ទាសករ​យ៉ាង​សែន​លំបាក​នោះ​មក ព្រះ‌អម្ចាស់​នឹង​ប្រោស​ប្រទាន​ឲ្យ​អ្នក​បាន​សម្រាក។

4 ពេល​នោះ អ្នក​នឹង​ច្រៀង​ចំអក​ឲ្យ​ស្ដេច​ស្រុក​បាប៊ី‌ឡូន​ដូច​ត​ទៅ: ស្ដេច​ដែល​ជិះ‌ជាន់​គេ ទៅ​ណា​បាត់​ហើយ? អំណាច​ផ្ដាច់​ការ ទៅ​ណា​បាត់​ហើយ?

5 ព្រះ‌អម្ចាស់​ផ្ដួល​រំលំ​អំណាច​ដ៏​ឃោរ‌ឃៅ ព្រះអង្គ​បំបាក់​ដំបង​រាជ្យ​របស់​ជន​កំណាច

6 គឺ​មនុស្ស​ដែល​មាន​ចិត្ត​កាច​សាហាវ វាយ​ធ្វើ​បាប​ប្រជា‌ជន​ឥត​ស្រាក‌ស្រាន្ត មនុស្ស​ដែល​មាន​ចិត្ត​កំរោល ហើយ​យក​ប្រជា‌ជាតិ​ទាំង‌ឡាយ​ធ្វើ​ជា​ចំណុះ និង​តាម​ព្យាបាទ​ពួក​គេ​ឥត​ត្រា​ប្រណី។

7 ឥឡូវ​នេះ ផែនដី​ទាំង​មូល​បាន​សុខ‌សាន្ត‌ត្រាណ មនុស្ស‌ម្នា​នាំ​គ្នា​ស្រែក​ហ៊ោ​យ៉ាង​សប្បាយ

8 សូម្បី​តែ​ដើម​ស្រល់ និង​ដើម​ឈើ​ធំៗ នៅ​ស្រុក​លីបង់​ក៏​មាន​អំណរ​សប្បាយ ដោយ​ឃើញ​អ្នក​អស់​ឫទ្ធិ​ដែរ គឺ​ដើម​ឈើ​ទាំង​នោះ​នាំ​គ្នា​ពោល​ថា: “តាំង​ពី​អ្នក​រលំ​មក គ្មាន​នរណា​ឡើង​មក​កាប់​យើង​ទៀត​ទេ!”។

9 ស្ដេច​កំណាច​អើយ! ក្នុង​ស្ថាន​មច្ចុរាជ ក៏​មាន​ភាព​ជ្រួល‌ជ្រើម រង់‌ចាំ​ទទួល​អ្នក​ដែរ មច្ចុរាជ​ដាស់​វិញ្ញាណ‌ក្ខ័ន្ធ​អ្នក​ធំ​ទាំង​អស់ គឺ​ដាស់​វិញ្ញាណ‌ក្ខ័ន្ធ​ស្ដេច​ទាំង​ប៉ុន្មាន របស់​ប្រជា‌ជាតិ​នានា ឲ្យ​ងើប​ពី​បល្ល័ង្ក​របស់​ខ្លួន​ដែរ។

10 វិញ្ញាណ‌ក្ខ័ន្ធ​ទាំង​នោះ​នឹង​ពោល​មក​កាន់​អ្នក​ថា: “អុញ ព្រះ‌ករុណា​អស់​ឫទ្ធិ​ដូច​យើង​ដែរ​តើ! គឺ​មិន​ខុស​ពី​យើង​ទេ!។

11 ភាព​ថ្កុំ‌ថ្កើង​របស់​អ្នក​បាន​ធ្លាក់​ទៅ​ក្នុង ស្ថាន​មច្ចុរាជ ដោយ​មាន​សំឡេង​ពិណ​កំដរ​ផង ដង្កូវ​នឹង​ធ្វើ​ជា​ពូក ជា​ភួយ​របស់​អ្នក”។

12 ឱ​ផ្កាយ​ព្រឹក​ដ៏​ភ្លឺ​អើយ ម្ដេច​ក៏​អ្នក​ធ្លាក់​ពី​លើ​មេឃ​មក​ដូច្នេះ? អ្នក​ធ្លាប់​បង្ក្រាប​ប្រជា‌ជាតិ​ទាំង‌ឡាយ ម្ដេច​អ្នក​ដួល​ដល់​ដី​យ៉ាង​នេះ?

13 អ្នក​តែងតែ​ពោល​ថា: “យើង​នឹង​ឡើង​ទៅ​លើ​មេឃ ហើយ​លើក បល្ល័ង្ក​របស់​យើង​ឡើង​ឲ្យ​ខ្ពស់​ជាង​ផ្កាយ របស់​ព្រះ‌ជាម្ចាស់​ទៅ​ទៀត។ យើង​នឹង​អង្គុយ​លើ​ភ្នំ​នៅ​ខាង​ជើង​បំផុត ជា​កន្លែង​ដែល​ព្រះ​ទាំង‌ឡាយ​ជួប‌ជុំ​គ្នា។

14 យើង​នឹង​ឡើង​ទៅ​លើ ខ្ពស់​ជាង​ពពក​ទៅ​ទៀត យើង​នឹង​បាន​ដូច​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត”។

15 ឥឡូវ​នេះ អ្នក​បែរ​ជា​ធ្លាក់​ចុះ​មក​ដល់​ស្ថាន មច្ចុរាជ គឺ​ក្នុង​រណ្ដៅ​ដ៏​ជ្រៅ​នេះ​ទៅ​វិញ។

16 អស់​អ្នក​ដែល​ឃើញ​អ្នក គេ​ខំ​ប្រឹង​សម្លឹង​មើល ដោយ​យក​ចិត្ត​ទុក​ដាក់ ហើយ​សួរ​គ្នា​ថា: “អ្នក​នេះ​ឬ​ដែល​បាន​ធ្វើ​ឲ្យ​កក្រើក​ផែនដី និង​រំលំ​អាណា‌ចក្រ​ទាំង‌ឡាយ

17 ព្រម​ទាំង​ធ្វើ​ឲ្យ​ពិភព​លោក​ក្លាយ​ទៅ​ជា ទី​ស្មសាន​ដ៏​ស្ងាត់​ជ្រងំ និង​កម្ទេច​ទីក្រុង​នានា ហើយ​មិន​ដែល​ដោះ​លែង​ឈ្លើយ​សឹក ទាល់​តែ​សោះ​នុ៎ះ?”។

18 ស្ដេច​របស់​ប្រជា‌ជាតិ​នានា​សុទ្ធ​តែ​សម្រាក យ៉ាង​រុងរឿង ក្នុង​ផ្នូរ​របស់​ខ្លួន។

19 ចំពោះ​អ្នក​វិញ គេ​បាន​បោះ​សាក‌សព​អ្នក​ចោល​ឆ្ងាយ​ពី​ផ្នូរ គួរ​ឲ្យ​ខ្ពើម ដូច​កូន​ដែល​គេ​រំលូត​ចោល ឬ​ដូច​សាក‌សព​ដែល​គេ​ដើរ​ជាន់។ មាន​សាក‌សព​របស់​អស់​អ្នក​ដែល​គេ សម្លាប់​ដោយ​មុខ​ដាវ​នៅ​គរ​ពី​លើ​អ្នក ហើយ​សាក‌សព​ទាំង​នោះ​ត្រូវ​គេ​ច្រាន​ទម្លាក់ ទៅ​លើ​ថ្ម​នៅ​បាត​រណ្ដៅ។

20 អ្នក​ពុំ​បាន​សម្រាក​នៅ​ក្នុង​ផ្នូរ ជា​មួយ​ស្ដេច​ឯ​ទៀតៗ​ទេ ព្រោះ​អ្នក​បាន​បំផ្លាញ​ស្រុក​របស់​អ្នក និង​សម្លាប់​ប្រជា‌រាស្ត្រ​របស់​អ្នក។ ទៅ​ថ្ងៃ​មុខ គេ​នឹង​លែង​នឹក​នា​ដល់​ឈ្មោះ ពូជ​ដ៏​កំណាច​របស់​អ្នក​ទៀត​ហើយ។

21 ព្រោះ​តែ​កំហុស​របស់​ឪពុក ចូរ​ប្រុង​ប្រៀប​ខ្លួន សម្លាប់​រង្គាល​កូន​ប្រុសៗ របស់​គេ​ចោល​ទៅ ក្រែង​លោ​គេ​ក្រោក​ឡើង​រុក‌រាន​ទន្ទ្រាន​ផែនដី ហើយ​សង់​ក្រុង​ពាស‌ពេញ​លើ​ពិភព​លោក។

22 ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​ក្រោក​ឡើង ប្រឆាំង​នឹង​ជន‌ជាតិ​បាប៊ី‌ឡូន យើង​នឹង​លុប​បំបាត់​ឈ្មោះ​បាប៊ី‌ឡូន ព្រម​ទាំង​ពូជ‌ពង្ស និង​ខ្សែ​ស្រឡាយ​របស់​គេ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

23 យើង​នឹង​ធ្វើ​ឲ្យ​ស្រុក​របស់​គេ​ក្លាយ​ទៅ​ជា​ព្រៃ​រនាម ដែល​មាន​តែ​សត្វ​កាំ‌ប្រមា​រស់​នៅ យើង​នឹង​បោស​ក្រុង​បាប៊ី‌ឡូន ឥត​ទុក​អ្វី​ឲ្យ​នៅ​សល់​ឡើយ» -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។

ព្រះ‌បន្ទូល​ប្រឆាំង​នឹង​ស្រុក​អាស្ស៊ីរី

24 ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល ដាច់‌អហង្ការ​ថា៖ “យើង​បាន​គ្រោង​ទុក​យ៉ាង​ណា យើង​ក៏​នឹង​ប្ដេជ្ញា​ចិត្ត​ធ្វើ​យ៉ាង​នោះ​ដែរ យើង​បាន​សម្រេច​យ៉ាង​ណា ហេតុ‌ការណ៍​ក៏​នឹង​កើត​មាន​យ៉ាង​នោះ​ដែរ។

25 យើង​នឹង​កម្ទេច​ពួក​អាស្ស៊ីរី​ក្នុង​ទឹក​ដី​របស់​យើង យើង​នឹង​ជាន់​ឈ្លី​ពួក​គេ​នៅ​លើ​ភ្នំ​របស់​យើង យើង​នឹង​យក​នឹម​ដែល​អាស្ស៊ីរី​ដាក់​លើ ប្រជា‌ជន​របស់​យើង​ចេញ ហើយ​យើង​ក៏​នឹង​យក​អម្រែក​ដែល​គេ​ដាក់​លើ ស្មា​ប្រជា‌ជន​យើង​នោះ​ចេញ​ដែរ”។

26 នេះ​ជា​ការ​ដែល​ព្រះអង្គ​បាន​សម្រេច​ធ្វើ ចំពោះ​ផែនដី​ទាំង​មូល ព្រះអង្គ​នឹង​លាត​ព្រះ‌ហស្ដ​ប្រហារ ប្រជា‌ជាតិ​ទាំង​អស់។

27 បើ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​សម្រេច​ដូច្នេះ គ្មាន​នរណា​អាច​កែ​ប្រែ​បាន​ឡើយ ពេល​ព្រះអង្គ​លាត​ព្រះ‌ហស្ដ​ប្រហារ​ហើយ គ្មាន​នរណា​អាច​បញ្ឈប់​ព្រះអង្គ​ទេ។

ព្រះ‌បន្ទូល​ប្រឆាំង​នឹង​ជន‌ជាតិ​ភីលីស្ទីន

28 នៅ​ឆ្នាំ​ដែល​ព្រះ‌បាទ​អហាស​សោយ​ទិវង្គត ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ:

29 ភីលីស្ទីន​ទាំង​មូល​អើយ មិន​ត្រូវ​រីក‌រាយ ដោយ​ឃើញ​ដំបង​ដែល ធ្លាប់​វាយ​អ្នក បាន​បាក់​នោះ​ឡើយ! ដ្បិត​នឹង​មាន​ពស់​វែក​មួយ កើត​ចេញ​ពី​ពូជ​របស់​ពស់​នោះ ហើយ​ក៏​នឹង​មាន​ពស់​អសិរ‌ពិស​កើត​ចេញ ពី​ពង​របស់​ពស់​វែក​នោះ​ដែរ។

30 ពេល​នោះ ព្រះ‌អម្ចាស់​នឹង​ថែ‌រក្សា មនុស្ស​កម្សត់​ទុគ៌ត ព្រះអង្គ​នឹង​នាំ​មនុស្ស​ក្រីក្រ​ទៅ​រក​កន្លែង សម្រាក​យ៉ាង​សុខ‌សាន្ត។ ផ្ទុយ​ទៅ​វិញ ព្រះអង្គ​នឹង​ធ្វើ​ឲ្យ ពូជ‌ពង្ស​របស់​អ្នក​ស្លាប់​ដោយ​អត់​ឃ្លាន រីឯ​អ្នក​ដែល​នៅ​សល់ នឹង​ស្លាប់​ដោយ​មុខ​ដាវ។

31 ទ្វារ​ក្រុង​អើយ ចូរ​សោក​សង្រេង​ទៅ! ទីក្រុង​អើយ ចូរ​ស្រែក​យំ​ទៅ! ស្រុក​ភីលីស្ទីន​ទាំង​មូល​រលាយ​សូន្យ​ហើយ ដ្បិត​មាន​ផ្សែង​ហុយ​មក​ពី​ទិស​ខាង​ជើង ខ្មាំង​សត្រូវ​លើក​ទ័ព​មក​ទាំង​អស់​គ្នា ឥត​បាត់​ម្នាក់​ណា​ឡើយ។

32 តើ​យើង​ត្រូវ​ឆ្លើយ​យ៉ាង​ដូច​ម្ដេច​ទៅ​ទូត របស់​ស្រុក​ភីលីស្ទីន? ត្រូវ​ឆ្លើយ​ថា “ព្រះ‌អម្ចាស់​បាន​សង់​ក្រុង​ស៊ីយ៉ូន​ឡើង ហើយ​ជន​ទុគ៌ត​ក្នុង​ចំណោម​ប្រជា‌រាស្ដ្រ​របស់ ព្រះអង្គ​នឹង​ជ្រក​កោន​នៅ​ក្នុង​ក្រុង​នោះ”។

Khmer Standard Version © 2005 United Bible Societies.

United Bible Societies