ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


យ៉ូប 34 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥
យ៉ូប 34

ព្រះ‌ជាម្ចាស់​មិន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ឡើយ

1 លោក​អេលី‌ហ៊ូវ​មាន​ប្រសាសន៍ ទៀត​ថា៖

2 «អស់​អ្នក​ដែល​មាន​ប្រាជ្ញា​អើយ សូម​ស្ដាប់​សេចក្ដី​ដែល​ខ្ញុំ​នឹង​បរិយាយ! អស់​អ្នក​ដែល​ចេះ​ដឹង​អើយ សូម​ផ្ទៀង​ត្រចៀក​ស្ដាប់​ខ្ញុំ!

3 ដ្បិត​ត្រចៀក​ស្ដាប់​យល់​ពាក្យ​សម្ដី ដូច​អណ្ដាត​ស្គាល់​រស‌ជាតិ​អាហារ​ដែរ។

4 យើង​ត្រូវ​រិះ​រក​អ្វី​ដែល​ត្រឹម​ត្រូវ ហើយ​រួម​គ្នា​ទទួល​ស្គាល់​នូវ​អ្វី​ដែល​ល្អ»។

5 លោក​យ៉ូប​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​ជា​មនុស្ស​សុចរិត តែ​ព្រះ‌ជាម្ចាស់​មិន​ព្រម​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ​ទេ។

6 ទោះ​បី​ខ្ញុំ​ជា​មនុស្ស​ត្រឹម​ត្រូវ ក៏​ព្រះអង្គ​ចាត់​ទុក​ខ្ញុំ​ជា​មនុស្ស​កុហក​ដែរ របួស​របស់​ខ្ញុំ​ពុំ​អាច​ព្យាបាល​បាន​ទេ តែ​ខ្ញុំ​ពុំ​បាន​ប្រព្រឹត្ត​អំពើ​បាប​សោះ​ឡើយ»។

7 តើ​មាន​នរណា​ម្នាក់​ដូច​លោក​យ៉ូប​ទេ គាត់​ពោល​ពាក្យ​ប្រមាថ​យ៉ាង​ងាយ ដូច​គេ​ផឹក​ទឹក។

8 គាត់​សេព‌គប់​ជា​មួយ​មនុស្ស​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ហើយ​ដើរ​ជា​មួយ​មនុស្ស​អាក្រក់

9 ដ្បិត​គាត់​ពោល​ថា តើ​មនុស្ស​ខិត‌ខំ ផ្គាប់‌ផ្គុន​ព្រះ‌ជាម្ចាស់​បាន​ប្រយោជន៍​អ្វី។

10 «ហេតុ​នេះ អស់​អ្នក​ដែល​ចេះ​គិត‌គូរ​អើយ សូម​នាំ​គ្នា​ស្ដាប់​ខ្ញុំ! ព្រះ‌ជាម្ចាស់​មិន​ដែល​ប្រព្រឹត្ត​អាក្រក់​ឡើយ ហើយ​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត ក៏​មិន​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ដែរ!

11 ព្រះអង្គ​តប​ស្នង​ចំពោះ​មនុស្ស​លោក តាម​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត ព្រះអង្គ​ឲ្យ​ម្នាក់ៗ​ទទួល​ផល តាម​របៀប​ដែល​ខ្លួន​រស់​នៅ។

12 ពិត​មែន​ហើយ ព្រះ‌ជាម្ចាស់​មិន​ប្រព្រឹត្ត អំពើ​អាក្រក់​ជា​ដាច់​ខាត ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត មិន​ប្រាស​ចាក​យុត្តិធម៌​ឡើយ។

13 តើ​នរណា​ប្រគល់​អំណាច​ឲ្យ​ព្រះអង្គ គ្រប់‌គ្រង​ផែនដី? តើ​នរណា​ប្រគល់​ពិភព​លោក​ទាំង​មូល មក​ឲ្យ​ព្រះអង្គ​កាន់​កាប់?

14 ប្រសិន​បើ​ព្រះ‌ជាម្ចាស់​ខ្វល់​ខ្វាយ​តែ ចំពោះ​ព្រះអង្គ​ផ្ទាល់ ហើយ​បើ​ព្រះអង្គ​ដក​យក​ព្រះ‌វិញ្ញាណ និង​ដង្ហើម​ជីវិត​ទៅ​វិញ​នោះ

15 សត្វ​លោក​ទាំង​អស់​នឹង​ត្រូវ​វិនាស​ជា​មួយ​គ្នា មនុស្ស​លោក​នឹង​វិល​ទៅ​ជា​ធូលី​ដី​វិញ។

16 ប្រសិន​បើ​លោក​មាន​ប្រាជ្ញា សូម​ស្ដាប់​ខ្ញុំ​ចុះ សូម​ផ្ទៀង​ត្រចៀក​ស្ដាប់​សេចក្ដី​ដែល​ខ្ញុំ​ថ្លែង!

17 ប្រសិន​បើ​ព្រះ‌ជាម្ចាស់​ស្អប់​យុត្តិធម៌ តើ​ព្រះអង្គ​គ្រប់‌គ្រង​ផែនដី​កើត​ឬ? តើ​លោក​ហ៊ាន​ថ្កោល​ទោស​ព្រះ​ដ៏​សុចរិត ជា​ព្រះ​ដ៏​ឧត្តុង្គ‌ឧត្ដម​ឬ?

18 មិន​ដែល​មាន​នរណា​ហ៊ាន​បន្ទោស​ស្ដេច​ថា “មនុស្ស​ពាល!” ឬ​ស្ដី​ឲ្យ​អ្នក​ធំ​ថា “មនុស្ស​ទុយ៌ស!” ទេ

19 រីឯ​ព្រះ‌ជាម្ចាស់​វិញ ព្រះអង្គ​មិន​រើស​មុខ​មេ​ដឹក​នាំ​ឡើយ ហើយ​ព្រះអង្គ​ក៏​មិន​យោគ‌យល់​អ្នក​មាន ជាង​អ្នក​ក្រ​ដែរ ដ្បិត​ព្រះអង្គ​បាន​បង្កើត​ពួក​គេ​មក​ដូច​គ្នា។

20 ពួក​គេ​នឹង​បាត់​បង់​ជីវិត​តែ​ក្នុង​មួយ​ប៉ប្រិច​ភ្នែក នៅ​ពាក់​កណ្ដាល​អធ្រាត្រ ប្រជា‌ជន​កើត​វឹក‌វរ ហើយ​វិនាស​អស់​ទៅ គេ​ទម្លាក់​អ្នក​កាន់​អំណាច​ដោយ​ងាយ​ស្រួល។

21 ព្រះ‌ជាម្ចាស់​ទត​មើល​ផ្លូវ​ដែល​មនុស្ស​ដើរ ព្រះអង្គ​ឃ្លាំ​មើល​គ្រប់​ជំហាន​របស់​គេ។

22 គ្មាន​ភាព​ងងឹត ឬ​ភាព​អន្ធការ​ណា បាំង​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត មិន​ឲ្យ​ព្រះអង្គ​ទត​ឃើញ​ឡើយ។

23 ព្រះអង្គ​មិន​ចាំបាច់​ចំណាយ​ពេល​ពិនិត្យ‌ពិច័យ មុន​នឹង​នាំ​មនុស្ស​ឲ្យ​មក​ឈរ​ក្នុង​ទី​កាត់​ក្ដី របស់​ព្រះអង្គ​ឡើយ។

24 ព្រះអង្គ​ផ្ដួល​រំលំ​អ្នក​កាន់​អំណាច ដោយ​មិន​បាច់​សួរ​នាំ ហើយ​ព្រះអង្គ​តែង‌តាំង​អ្នក​ផ្សេង​ជំនួស

25 ដ្បិត​ព្រះអង្គ​ជ្រាប​អំពើ​ដែល​ពួក​គេ​ប្រព្រឹត្ត ព្រះអង្គ​ផ្ដួល​រំលំ​ពួក​គេ​ឲ្យ​ធ្លាក់​ពី​អំណាច ក្នុង​ពេល​តែ​មួយ​យប់។

26 ព្រះអង្គ​វាយ​ពួក​គេ​នៅ​ចំពោះ​មុខ​ប្រជា‌ជន ដូច​វាយ​ជន​ទុច្ចរិត

27 ព្រោះ​ពួក​គេ​ងាក​ចេញ​ពី​ព្រះអង្គ ហើយ​មិន​ចង់​ស្វែង​យល់​អំពី​មាគ៌ា របស់​ព្រះអង្គ​ទេ។

28 ពួក​គេ​ធ្វើ​បាប​ជន​ទុគ៌ត និង​ជន​ក្រីក្រ រហូត​ដល់​អ្នក​ទាំង​នោះ​ស្រែក​រក​ព្រះអង្គ ហើយ​ព្រះអង្គ​ទ្រង់​ព្រះ‌សណ្ដាប់​សម្រែក​នេះ។

29 ប្រសិន​បើ​ព្រះ‌ជាម្ចាស់​សម្ងំ​នៅ​ស្ងៀម តើ​នរណា​ហ៊ាន​ថ្កោល​ទោស​ព្រះអង្គ? ប្រសិន​បើ​ព្រះអង្គ​លាក់​ព្រះ‌ភ័ក្ត្រ​នោះ តើ​នរណា​មើល​ព្រះអង្គ​ឃើញ? ព្រះអង្គ​ពិនិត្យ​មើល​មនុស្ស​ម្នាក់ ក៏​ដូច​ជា​ប្រជា‌ជាតិ​មួយ​ដែរ

30 ព្រះអង្គ​មិន​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ ជន​ពាល​គ្រង​រាជ្យ ហើយ​ធ្វើ​ជា​អន្ទាក់​ដល់​ប្រជា‌រាស្ត្រ​ឡើយ។

31 បើ​មាន​នរណា​ម្នាក់​ទូល​ព្រះ‌ជាម្ចាស់​ថា: “ទូលបង្គំ​បាន​រង​ទុក្ខ​ទោស​រួច​ស្រេច​ហើយ ទូលបង្គំ​នឹង​មិន​ប្រព្រឹត្ត​អំពើ​អាក្រក់​ទៀត​ទេ។

32 សូម​បង្ហាញ​កំហុស​ណា​ដែល​ទូលបង្គំ មើល​មិន​ឃើញ ប្រសិន​បើ​ទូលបង្គំ​បាន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​នោះ ទូលបង្គំ​រាង‌ចាល​ហើយ”

33 តាម​យោបល់​របស់​លោក តើ​ព្រះអង្គ​ត្រូវ ដាក់​ទោស​អ្នក​ពោល​ដូច្នេះ​ឬ​ទេ? ខ្ញុំ​សួរ​បែប​នេះ ព្រោះ​លោក​ជា​អ្នក​តិទៀន គឺ​លោក​ទេ​តើ​ដែល​បាន​សម្រេច​ដូច្នេះ មិន​មែន​ខ្ញុំ​ទេ ហេតុ​នេះ​បើ​លោក​ដឹង សូម​និយាយ​មក​ចុះ!

34 មនុស្ស​មាន​សុភ‌និច្ឆ័យ​នឹង​យល់​ស្រប​ជា​មួយ​ខ្ញុំ មនុស្ស​មាន​ប្រាជ្ញា​នឹង​ចុះ​សំរុង​ជា​មួយ​ខ្ញុំ​ថា

35 លោក​យ៉ូប​នេះ​និយាយ​មិន​ដឹង​ខុស​ត្រូវ ពាក្យ​សម្ដី​របស់​គាត់​គ្មាន​ខ្លឹម‌សារ​សោះ។

36 សូម​សួរ​ចម្លើយ​លោក​យ៉ូប រហូត​ដល់​ចប់​ចុង​ចប់​ដើម ព្រោះ​គាត់​និយាយ​ដូច​មនុស្ស​ទុច្ចរិត!

37 ដ្បិត​គាត់​បន្ថែម​កំហុស​មួយ​ដ៏​ធ្ងន់ ពី​លើ​អំពើ​បាប​របស់​ខ្លួន គឺ​គាត់​ពោល​ពាក្យ​ប្រឆាំង​នឹង​ព្រះ‌ជាម្ចាស់ ហើយ​បង្ក​ឲ្យ​មាន​ការ​សង្ស័យ ក្នុង​ចំណោម​ពួក​យើង»។

Khmer Standard Version © 2005 United Bible Societies.

United Bible Societies