នៅជិតព្រះអង្គ ខ្ញុំមានសេចក្ដីសុខសាន្តបទពីសៀវភៅរបស់គ្រូចម្រៀង។ សម្រាប់លោកយេឌូថិន ។ ទំនុករបស់ស្ដេចដាវីឌ។ 1 មានតែនៅក្បែរព្រះជាម្ចាស់ទេ ដែលចិត្តខ្ញុំបានស្ងប់ ព្រោះព្រះអង្គសង្គ្រោះខ្ញុំ។ 2 ព្រះអង្គតែមួយគត់ជាថ្មដា ជាព្រះសង្គ្រោះខ្ញុំ ព្រះអង្គជាកំពែងដ៏រឹងមាំ ដូច្នេះ ខ្ញុំនឹងមិនត្រូវបរាជ័យឡើយ។ 3 តើអ្នករាល់គ្នាចោមរោមវាយ ប្រហារមនុស្សតែម្នាក់ដូច្នេះដល់កាលណា? អ្នករាល់គ្នារកប្រហារជីវិតមនុស្ស ដូចគេចង់រំលំកំពែងទ្រុឌទ្រោម និងផ្ដួលរបងដែលជិតរលំឬ? 4 អ្នករាល់គ្នាចង់ឲ្យតែអ្នកនោះ បាត់បង់យសស័ក្ដិ អ្នករាល់គ្នាចូលចិត្តកុហក មាត់អ្នករាល់គ្នាឲ្យពរ តែចិត្តអ្នករាល់គ្នាបែរជាដាក់បណ្ដាសាវិញ។ - សម្រាក 5 ពិតមែនហើយ មានតែនៅក្បែរព្រះជាម្ចាស់ទេ ដែលចិត្តខ្ញុំបានស្ងប់ ដ្បិតព្រះអង្គជាទីសង្ឃឹមរបស់ខ្ញុំ។ 6 ព្រះអង្គតែមួយគត់ជាថ្មដា ជាព្រះសង្គ្រោះខ្ញុំ ព្រះអង្គជាកំពែងដ៏រឹងមាំ ដូច្នេះ ខ្ញុំនឹងមិនត្រូវបរាជ័យឡើយ។ 7 ការសង្គ្រោះ និងសិរីរុងរឿងរបស់ខ្ញុំ ស្ថិតនៅលើព្រះជាម្ចាស់ទាំងស្រុង ព្រះជាម្ចាស់ជាថ្មដាដ៏រឹងមាំ និងជាទីជម្រករបស់ខ្ញុំ។ 8 ប្រជាជនអើយ ចូរនាំគ្នាផ្ញើជីវិត លើព្រះអង្គ គ្រប់ពេលវេលាទៅ ចូរទូលថ្វាយព្រះអង្គ ពីទុក្ខកង្វល់របស់អ្នករាល់គ្នា ដ្បិតព្រះជាម្ចាស់ជាជម្រករបស់យើង។ 9 មនុស្សលោកប្រៀបបាននឹងមួយដង្ហើមប៉ុណ្ណោះ មនុស្សលោកគ្មានតម្លៃអ្វីសោះ ប្រសិនបើយើងថ្លឹងមនុស្សទាំងអស់លើជញ្ជីងមួយ នោះស្រាលជាងមួយដង្ហើមទៅទៀត។ 10 មិនត្រូវទុកចិត្តលើអំពើហិង្សាឡើយ ហើយកុំសង្ឃឹមលើការលួចប្លន់ដែរ។ ប្រសិនបើទ្រព្យសម្បត្តិអ្នករាល់គ្នាកើនចំនួន ច្រើនឡើង មិនត្រូវជំពាក់ចិត្តឡើយ។ 11 ខ្ញុំឮព្រះជាម្ចាស់មានព្រះបន្ទូល មួយលើកជាពីរលើកថា ឫទ្ធិអំណាចស្ថិតនៅលើព្រះអង្គទាំងអស់ 12 ក៏ប៉ុន្តែ ព្រះអម្ចាស់អើយ ព្រះអង្គប្រកបដោយព្រះហឫទ័យមេត្តាករុណា ព្រះអង្គនឹងតបស្នងឲ្យមនុស្សម្នាក់ៗ តាមអំពើដែលខ្លួនបានប្រព្រឹត្ត។ |
Khmer Standard Version © 2005 United Bible Societies.
United Bible Societies