ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 33 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥
ទំនុកតម្កើង 33

ចូរ​បន្លឺ​សំឡេង​តម្កើង​ព្រះ‌អម្ចាស់​ដោយ​អំណរ!

1 មនុស្ស​សុចរិត​អើយ ចូរ​នាំ​គ្នា អបអរ​លើក​តម្កើង​ព្រះ‌អម្ចាស់! មាន​តែ​មនុស្ស​ទៀង​ត្រង់​ប៉ុណ្ណោះ ដែល​អាច​កោត​សរសើរ​ព្រះអង្គ។

2 ចូរ​លើក​តម្កើង​ព្រះ‌អម្ចាស់ ដោយ​សំឡេង​ពិណ ចូរ​ស្មូត្រ​ទំនុកតម្កើង ព្រះអង្គ ទាំង​លេង​ចាប៉ី​ខ្សែ​ដប់​កំដរ​ផង។

3 ចូរ​ច្រៀង​បទ​ថ្មី​ថ្វាយ​ព្រះអង្គ! ចូរ​ប្រគំ​តន្ត្រី​យ៉ាង​ពីរោះ ក្នុង​ពេល​ស្រែក​អបអរ‌សាទរ​ព្រះអង្គ

4 ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​យ៉ាង​ទៀង​ត្រង់ ហើយ​ព្រះអង្គ​តែង​ប្រព្រឹត្ត​តាម ព្រះ‌បន្ទូល​សន្យា​ជានិច្ច។

5 ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ​នឹង​សេចក្ដី​សុចរិត ព្រម​ទាំង​សេចក្ដី​ទៀង​ត្រង់ ផែនដី​ទាំង​មូល​សម្តែង​អំពី​ព្រះ‌ហឫទ័យ មេត្តា‌ករុណា​របស់​ព្រះ‌អម្ចាស់។

6 ផ្ទៃ​មេឃ​កើត​ឡើង​ដោយ‌សារ​ព្រះ‌បន្ទូល របស់​ព្រះ‌អម្ចាស់ ហើយ​អ្វីៗ​ទាំង​អស់​នៅ​លើ​មេឃ ក៏​កើត​ឡើង ដោយ‌សារ​ព្រះ‌បញ្ជា​របស់​ព្រះអង្គ​ដែរ។

7 ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ទឹក​សមុទ្រ មក​ផ្ដុំ​គ្នា​នៅ​កន្លែង​តែ​មួយ ព្រះអង្គ​បាន​បង្ឃាំង​មហា​សមុទ្រ ឲ្យ​នៅ​មួយ​កន្លែង។

8 ចូរ​ឲ្យ​ផែនដី​ទាំង​មូល​កោត​ខ្លាច​ព្រះ‌អម្ចាស់! ចូរ​ឲ្យ​មនុស្ស​ទាំង​អស់​នៅ​លើ​ផែនដី ញាប់‌ញ័រ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ!

9 ដ្បិត​អ្វីៗ​ទាំង​អស់​កើត​មាន ដោយ‌សារ​ព្រះ‌បន្ទូល​របស់​ព្រះអង្គ ព្រះអង្គ​បង្គាប់​យ៉ាង​ណា ក៏​កើត​មាន​យ៉ាង​នោះ​មែន ។

10 ព្រះ‌អម្ចាស់​រំលំ​ផែន‌ការ​របស់​ប្រជា‌ជាតិ​នានា! ព្រះអង្គ​រំលាយ​គម្រោង‌ការ​របស់ ប្រជា‌ជន​ទាំង‌ឡាយ។

11 រីឯ​ផែន‌ការ​របស់​ព្រះអង្គ​វិញ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ ហើយ​គម្រោង‌ការ​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច។

12 មាន​សុភមង្គល​ហើយ ប្រជា‌ជាតិ​ណា ដែល​គោរព​បម្រើ​ព្រះ‌អម្ចាស់ ទុក​ជា​ព្រះ​របស់​ខ្លួន! មាន​សុភមង្គល​ហើយ ប្រជា‌ជន​ណា​ដែល​ព្រះអង្គ​បាន​ជ្រើស​រើស ទុក​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​ផ្ទាល់! ។

13 ព្រះ‌អម្ចាស់​ទត​មើល​ពី​ស្ថាន​បរម‌សុខ ព្រះអង្គ​ឃើញ​មនុស្ស​លោក​ទាំង​អស់

14 ហើយ​ពី​ព្រះ‌ដំណាក់​របស់​ព្រះអង្គ ព្រះអង្គ​រំពៃ​មើល​មនុស្ស​ទាំង​អស់ ដែល​រស់​នៅ​លើ​ផែនដី

15 គឺ​ព្រះអង្គ​ហើយ​ដែល​បាន​បង្កើត ចិត្ត​គំនិត​របស់​គេ​ទាំង​អស់​គ្នា ហើយ​ព្រះអង្គ​យក​ព្រះ‌ហឫទ័យ ទុក​ដាក់​នឹង​អំពើ​ទាំង​អស់​ដែល​គេ​ប្រព្រឹត្ត។

16 ពុំ​ដែល​មាន​ស្ដេច​ណា​យក​ជ័យ‌ជម្នះ​បាន ដោយ‌សារ​កង‌ទ័ព​ដ៏​ខ្លាំង​ពូកែ​នោះ​ឡើយ ហើយ​ក៏​ពុំ​ដែល​មាន​វីរ‌បុរស​ណា​វាយ​ឈ្នះ ដោយ‌សារ​កម្លាំង​ខ្លាំង​ក្លា​នោះ​ដែរ។

17 សេះ​ចម្បាំង​ពុំ​អាច​ធ្វើ​ឲ្យ​មាន​ជ័យ‌ជម្នះ​បាន​ឡើយ ហើយ​ទោះ​បី​វា​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ ក៏​ពុំ​អាច​ជួយ​រំដោះ​បាន​ដែរ។

18 ព្រះ‌អម្ចាស់​តាម​ថែ‌រក្សា អស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះអង្គ គឺ​អស់​អ្នក​ដែល​ពឹង​ផ្អែក​លើ​ព្រះ‌ហឫទ័យ មេត្តា‌ករុណា​របស់​ព្រះអង្គ។

19 ព្រះអង្គ​សង្គ្រោះ​គេ​ឲ្យ​រួច​ពី​សេចក្ដី​ស្លាប់ ហើយ​ឲ្យ​គេ​បាន​រួច​ជីវិត​នៅ​គ្រា​មាន​ទុរ្ភិក្ស។

20 យើង​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់ ព្រះអង្គ​ជួយ​សង្គ្រោះ និង​ការពារ​យើង

21 យើង​មាន​អំណរ​សប្បាយ ដោយ​រួម​ជា​មួយ​ព្រះអង្គ យើង​ទុក​ចិត្ត​លើ​ព្រះ‌នាម​ដ៏វិសុទ្ធ*​របស់​ព្រះអង្គ។

22 ឱ​ព្រះ‌អម្ចាស់​អើយ! សូម​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា មក​លើ​យើង​ខ្ញុំ​ផង ព្រោះ​យើង​ខ្ញុំ​ផ្ញើ​ជីវិត​លើ​ព្រះអង្គ​ហើយ។

Khmer Standard Version © 2005 United Bible Societies.

United Bible Societies