ស្នាព្រះហស្ដដ៏អស្ចារ្យរបស់ព្រះអម្ចាស់1 ចូរសរសើរតម្កើងព្រះអម្ចាស់! ខ្ញុំនឹងលើកតម្កើងព្រះអម្ចាស់ យ៉ាងអស់ពីចិត្ត នៅក្នុងអង្គប្រជុំរបស់មនុស្សទៀងត្រង់។ 2 ព្រះអម្ចាស់បានធ្វើការអស្ចារ្យយ៉ាងឧត្ដុង្គឧត្ដម ហើយអស់អ្នកដែលពេញចិត្តនឹងស្នាព្រះហស្ដនេះ នាំគ្នាស្វែងយល់។ 3 ស្នាព្រះហស្ដរបស់ព្រះអង្គប្រកបទៅដោយ រស្មីភ្លឺចិញ្ចែងចិញ្ចាច សេចក្ដីសុចរិតរបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតទៅ។ 4 ព្រះអង្គសព្វព្រះហឫទ័យឲ្យយើង នឹកដល់ស្នាព្រះហស្ដដ៏អស្ចារ្យរបស់ព្រះអង្គ ព្រះអម្ចាស់តែងតែប្រណីសន្ដោស ហើយប្រកបដោយព្រះហឫទ័យអាណិតអាសូរ។ 5 ព្រះអង្គប្រទានអាហារឲ្យអស់អ្នក ដែលគោរពកោតខ្លាចព្រះអង្គ ព្រះអង្គតែងនឹកដល់សម្ពន្ធមេត្រី របស់ព្រះអង្គជានិច្ច។ 6 ព្រះអង្គសម្តែងឫទ្ធានុភាព ឲ្យប្រជារាស្ត្ររបស់ព្រះអង្គឃើញ តាមរយៈស្នាព្រះហស្ដរបស់ព្រះអង្គ គឺប្រគល់ទឹកដីរបស់ប្រជាជាតិនានា ឲ្យពួកគេ។ 7 ស្នាព្រះហស្ដដែលព្រះអង្គធ្វើ សុទ្ធតែពិត និងប្រាកដប្រជា ព្រះឱវាទរបស់ព្រះអង្គ គួរឲ្យជឿទុកចិត្តទាំងស្រុង។ 8 ព្រះបញ្ជាទាំងនោះនៅស្ថិតស្ថេររហូត ព្រោះព្រះអង្គមានព្រះបន្ទូល ដោយសេចក្ដីពិត និងត្រឹមត្រូវ។ 9 ព្រះអង្គបានរំដោះប្រជារាស្ត្ររបស់ព្រះអង្គ ឲ្យមានសេរីភាព ព្រះអង្គបានចងសម្ពន្ធមេត្រីជាមួយ ប្រជារាស្ត្ររបស់ព្រះអង្គរហូតតទៅ ព្រះនាមរបស់ព្រះអង្គជាព្រះនាមដ៏វិសុទ្ធ គួរឲ្យកោតស្ញប់ស្ញែង។ 10 ការគោរពកោតខ្លាចព្រះអម្ចាស់ ជាប្រភពនៃប្រាជ្ញា អស់អ្នកដែលប្រតិបត្តិតាមប្រាជ្ញានេះ តែងតែដឹងខុសត្រូវ។ សូមសរសើរតម្កើងព្រះអង្គរហូតតទៅ! |
Khmer Standard Version © 2005 United Bible Societies.
United Bible Societies