1 រួចមកទេវតានោះ ក៏បង្ហាញឲ្យខ្ញុំឃើញយេសួរ ជាសំដេចសង្ឃ ឈរនៅចំពោះទេវតានៃព្រះយេហូវ៉ា មានអារក្សសាតាំងឈរនៅខាងស្តាំលោក ដើម្បីតវ៉ានឹងលោក 2 នោះព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងសាតាំងថា ម្នាលសាតាំង ព្រះយេហូវ៉ាទ្រង់បន្ទោសឯង អើ ព្រះយេហូវ៉ាដែលបានរើសក្រុងយេរូសាឡិម ទ្រង់ស្តីបន្ទោសដល់ឯងនេះ តើមិនមែនជាកន្ទុយឧស ដែលបានកញ្ឆក់យកចេញពីភ្លើងទេឬ 3 រីឯយេសួរ លោកកំពុងឈរនៅចំពោះទេវតាទាំងស្លៀកពាក់កខ្វក់ 4 ទ្រង់ក៏បង្គាប់ដល់ពួកដែលឈរនៅចំពោះទ្រង់ថា ចូរដោះសំលៀកបំពាក់កខ្វក់ពីលោកចេញ រួចទ្រង់មានបន្ទូលដល់លោកថា មើល អញបានលើកចោលអំពើទុច្ចរិតពីឯងចេញហើយ អញនឹងប្រដាប់ខ្លួនឯង ដោយសំលៀកបំពាក់ដ៏រុងរឿងវិញ 5 នោះខ្ញុំក៏ទូលថា សូមឲ្យគេបំពាក់ក្បាំងស្អាត នៅលើក្បាលលោកផង ដូច្នេះ គេក៏បំពាក់ក្បាំងស្អាត នៅលើក្បាលលោក ព្រមទាំងប្រដាប់កាយឲ្យផង មានទាំងទេវតានៃព្រះយេហូវ៉ាឈរនៅទីនោះដែរ។ 6 ឯទេវតានៃព្រះយេហូវ៉ា ក៏ធ្វើបន្ទាល់យ៉ាងមុតមាំនឹងយេសួរថា 7 ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលដូច្នេះ បើឯងនឹងដើរតាមផ្លូវរបស់អញ ហើយរក្សាបញ្ញើររបស់អញ នោះឯងនឹងជាអ្នកគ្រប់គ្រងលើវិហាររបស់អញ ព្រមទាំងរក្សាទីលានរបស់អញផង ហើយអញនឹងឲ្យឯងបានចូលក្នុងពួកដែលនៅទីនេះដែរ 8 ឱយេសួរជាសំដេចសង្ឃអើយ ចូរស្តាប់ឥឡូវ ព្រមទាំងពួកអ្នកដែលអង្គុយជាមួយនឹងឯងផង ព្រោះគេជាពួកដែលជាទីអស្ចារ្យ ដ្បិតមើល អញនឹងឲ្យអ្នកបំរើរបស់អញឈ្មោះ«លំពង់»ចេញមក 9 ចូរមើលថ្ម ដែលអញបានដាក់នៅមុខយេសួរចុះ នៅថ្មតែមួយនោះមានភ្នែក៧ ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលថា មើល អញនឹងចារឹកចំឡាក់ដែលត្រូវឆ្លាក់នៅថ្មនោះ ហើយនឹងដកយកសេចក្ដីទុច្ចរិតពីស្រុកនេះចេញក្នុង១ថ្ងៃ 10 ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានបន្ទូលថា នៅថ្ងៃនោះ ឯងរាល់គ្នានឹងអញ្ជើញអ្នកជិតខាងរបស់ឯងមក នៅក្រោមដើមទំពាំងបាយជូរ ហើយក្រោមដើមល្វារៀងខ្លួន។ |
© BFBS/UBS 1954, 1962. All Rights Reserved.
Bible Society in Cambodia