ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 98 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤
ទំនុកតម្កើង 98


ទំនុក។

1 ចូរ​ច្រៀង​បទ​ថ្មី​ថ្វាយ​ព្រះ‌យេហូវ៉ា ពី​ព្រោះ​ទ្រង់​បាន​ធ្វើ​ការ​យ៉ាង​អស្ចារ្យ ព្រះ‌ហស្ត​ស្តាំ នឹង​ព្រះ‌ពាហុ​ដ៏​បរិសុទ្ធ​របស់​ទ្រង់ បាន​នាំ​ឲ្យ​ទ្រង់​មាន​ជ័យ‌ជំនះ

2 ព្រះ‌យេហូវ៉ា​ទ្រង់​បាន​សំដែង​ឲ្យ​ស្គាល់​សេចក្ដី​សង្គ្រោះ របស់​ទ្រង់ ទ្រង់​ធ្វើ​ឲ្យ​សេចក្ដី​សុចរិត​របស់​ទ្រង់​បាន​ប្រាកដ​ច្បាស់ នៅ​ចំពោះ​ភ្នែក​នៃ​អស់​ទាំង​សាសន៍

3 ទ្រង់​បាន​នឹក​ចាំ​ពី​សេចក្ដី​សប្បុរស នឹង​សេចក្ដី​ស្មោះ‌ត្រង់ របស់​ទ្រង់ ចំពោះ​វង្ស​អ៊ីស្រាអែល​ហើយ អស់​ទាំង​ចុង​ផែនដី​បាន​ឃើញ​សេចក្ដី​សង្គ្រោះ​របស់​ព្រះ នៃ​យើង​ខ្ញុំ

4 ចូរ​ឡើង​សំឡេង​ដោយ​អំណរ​ថ្វាយ​ព្រះ‌យេហូវ៉ា ឱ​ផែនដី​ទាំង​មូល​អើយ ចូរ​ទំលាយ​ច្រៀង​ដោយ​អំណរ អើ ចូរ​ច្រៀង​សរសើរ​ចុះ

5 ចូរ​ច្រៀង​បទ​សរសើរ​ថ្វាយ​ព្រះ‌យេហូវ៉ា​តាម​ស៊ុង គឺ​ដោយ​ចាប់​ស៊ុង ហើយ​ដោយ​សំឡេង​ដ៏​ពីរោះ

6 ដោយ​ត្រែនឹង​សូរ​ស្នែង​ផង ចូរ​ឡើង​សំឡេង​ដោយ​អំណរ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ដ៏​ជា​មហា‌ក្សត្រ

7 ចូរ​ឲ្យ​សមុទ្រ​លាន់​ឮ​រំពង ព្រម​ទាំង​របស់​សព្វ​សារពើ​ដែល​នៅ​ក្នុង​នោះ ហើយ​លោកីយ នឹង​អស់​អ្នក​ដែល​នៅ​លោកីយ​ផង

8 ចូរ​ឲ្យ​អស់​ទាំង​ទន្លេ​ទះ​ដៃ ហើយ​ឲ្យ​ភ្នំ​ទាំង​ប៉ុន្មាន​ច្រៀង​ជា​មួយ​គ្នា​ដោយ​អំណរ

9 គឺ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដ្បិត​ទ្រង់​យាង​មក ដើម្បី​ជំនុំ‌ជំរះ​ផែនដី ទ្រង់​នឹង​ជំនុំ‌ជំរះ​លោកីយ ដោយ​សេចក្ដី​សុចរិត ហើយ​អស់​ទាំង​សាសន៍ ដោយ​សេចក្ដី​ទៀង​ត្រង់។

© BFBS/UBS 1954, 1962. All Rights Reserved.

Bible Society in Cambodia