ទំនុករបស់អេសាភ។ 1 ព្រះទ្រង់ឈរនៅក្នុងពួកជំនុំដ៏ខ្លាំងពូកែ គឺទ្រង់ដែលវិនិច្ឆ័យ នៅកណ្តាលពួកអ្នកមានអំណាច 2 តើឯងរាល់គ្នានឹងជំនុំជំរះដោយទុច្ចរិត ហើយយល់មុខមនុស្សអាក្រក់ដល់កាលណា។ –បង្អង់ 3 ៙ ចូរការពារដល់មនុស្សក្រីក្រ នឹងមនុស្សកំព្រា ហើយកាត់ក្តីដល់មនុស្សវេទនា នឹងមនុស្សកំសត់ ដោយយុត្តិធម៌ចុះ 4 ចូរជួយសង្គ្រោះមនុស្សក្រីក្រ នឹងមនុស្សកំសត់ទុគ៌តដែរ ត្រូវជួយគេឲ្យរួចពីកណ្តាប់ដៃនៃមនុស្សអាក្រក់ 5 គេមិនដឹង ក៏មិនយល់សោះ គេតែងដើរទៅមកក្នុងសេចក្ដីងងឹត អស់ទាំងឫសផែនដីក៏ត្រូវកក្រើករំពើក 6 អញបានពោលថា ឯងរាល់គ្នាសុទ្ធតែជាអ្នកមានអំណាច ហើយជាកូននៃព្រះដ៏ខ្ពស់បំផុតទាំងអស់គ្នា 7 ប៉ុន្តែឯងនឹងស្លាប់ទៅ ដូចជាមនុស្សធម្មតាដែរ គឺនឹងត្រូវដួលដូចជាមេណាមួយ 8 ឱព្រះអង្គអើយ សូមទ្រង់ឈរឡើងជំនុំជំរះផែនដីចុះ ដ្បិតទ្រង់នឹងបានអស់ទាំងនគរទុកជាមរដក។ |
© BFBS/UBS 1954, 1962. All Rights Reserved.
Bible Society in Cambodia