១ សាំយូអែល 15:11 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥11 «យើងសោកស្ដាយណាស់ដោយបានតែងតាំងសូលជាស្ដេច ព្រោះគេងាកចេញពីយើង ហើយពុំបានប្រតិបត្តិតាមបទបញ្ជារបស់យើងទេ»។ លោកសាំយូអែលរន្ធត់ចិត្តជាខ្លាំង លោកទូលអង្វរព្រះអម្ចាស់ពេញមួយយប់។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦11 «យើងស្តាយណាស់ដែលបានតាំងសូលឡើងឲ្យធ្វើជាស្តេច ដ្បិតបានងាកបែរចេញលែងតាមយើងហើយ ក៏មិនបានធ្វើតាមបង្គាប់របស់យើងសោះ» នោះលោកសាំយូអែលក៏ក្តៅចិត្ត ហើយលោកអំពាវនាវដល់ព្រះយេហូវ៉ាអស់ពេញមួយយប់។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤11 អញស្តាយណាស់ដែលបានតាំងសូលឡើងឲ្យធ្វើជាស្តេច ដ្បិតបានងាកបែរចេញលែងតាមអញហើយ ក៏មិនបានធ្វើតាមបង្គាប់របស់អញសោះ នោះសាំយូអែលក៏ក្តៅចិត្ត ហើយលោកអំពាវនាវដល់ព្រះយេហូវ៉ាអស់ពេញ១យប់ Ver Capítuloអាល់គីតាប11 «យើងសោកស្តាយណាស់ដោយបានតែងតាំងសូលជាស្តេច ព្រោះគេងាកចេញពីយើង ហើយពុំបានប្រតិបត្តិតាមបទបញ្ជារបស់យើងទេ»។ សាំយូអែលរន្ធត់ចិត្តជាខ្លាំង គាត់ទូរអាអង្វរអុលឡោះតាអាឡាពេញមួយយប់។ Ver Capítulo |
កាលទេវតាលើកដៃឡើងបម្រុងបំផ្លាញក្រុងយេរូសាឡឹម ព្រះអម្ចាស់ប្រែព្រះហឫទ័យអាណិត មិនព្រមដាក់ទោសក្រុងនេះទេ។ ព្រះអង្គមានព្រះបន្ទូលទៅកាន់ទេវតា ដែលកំពុងបំផ្លាញប្រជាជនថា៖ «ប៉ុណ្ណឹងបានហើយ! ឈប់ប្រហារទៅ!»។ ពេលនោះ ទេវតារបស់ព្រះអម្ចាស់ស្ថិតនៅជិតលានបោកស្រូវរបស់លោកអរ៉ៅណា ជាជនជាតិយេប៊ូស។
ព្រះជាម្ចាស់ចាត់ទេវតាឲ្យទៅបំផ្លាញក្រុងយេរូសាឡឹមទៀត ប៉ុន្តែ កាលព្រះអម្ចាស់ទតឃើញទេវតាបំផ្លាញក្រុងនោះ ព្រះអង្គក៏ប្រែព្រះហឫទ័យមិនព្រមដាក់ទោសក្រុងនោះទេ។ ព្រះអង្គមានព្រះបន្ទូលទៅកាន់ទេវតាដែលមកបំផ្លាញថា៖ «ប៉ុណ្ណឹងបានហើយ! ឈប់ប្រហារទៅ!»។ ពេលនោះ ទេវតារបស់ព្រះអម្ចាស់ស្ថិតនៅជិតលានបោកស្រូវរបស់លោកអរ៉ៅណា ជាជនជាតិយេប៊ូស។
ប៉ុន្តែ លោកម៉ូសេទូលអង្វរ សូមការប្រោសប្រណីពីព្រះអម្ចាស់ ជាព្រះរបស់លោក ដោយមានប្រសាសន៍ថា៖ «បពិត្រព្រះអម្ចាស់ ហេតុអ្វីបានជាព្រះអង្គទ្រង់ព្រះពិរោធនឹងប្រជារាស្ត្រ ដែលព្រះអង្គបាននាំចេញពីស្រុកអេស៊ីប ដោយឫទ្ធានុភាព និងព្រះបារមីដ៏ខ្លាំងពូកែដូច្នេះ? ដ្បិតពួកគេជាប្រជារាស្ត្ររបស់ព្រះអង្គ។
រីឯមនុស្សសុចរិតវិញ ប្រសិនបើគេលះបង់អំពើសុចរិត ហើយបែរទៅប្រព្រឹត្តអំពើអាក្រក់គួរស្អប់ខ្ពើមទាំងប៉ុន្មាន ដែលមនុស្សទុច្ចរិតធ្លាប់ប្រព្រឹត្ត តើគេអាចមានជីវិតតទៅមុខទៀតបានឬ? យើងនឹងបំភ្លេចអំពើសុចរិតទាំងប៉ុន្មានដែលគេបានប្រព្រឹត្ត អ្នកនោះត្រូវតែស្លាប់ ព្រោះតែចិត្តមិនស្មោះត្រង់ និងអំពើបាបដែលគេបានប្រព្រឹត្ត។
លោកទូលព្រះអម្ចាស់ថា៖ «បពិត្រព្រះអម្ចាស់! ឥឡូវនេះ ហេតុការណ៍កើតមាន ដូចទូលបង្គំបានសង្ស័យ តាំងពីទូលបង្គំនៅស្រុករបស់ទូលបង្គំម៉្លេះ។ ហេតុនេះហើយបានជាទូលបង្គំរត់គេចទៅស្រុកតើស៊ីស ព្រោះទូលបង្គំដឹងច្បាស់ថា ព្រះអង្គជាព្រះប្រកបទៅដោយព្រះហឫទ័យប្រណីសន្ដោស ព្រះអង្គតែងតែអាណិតអាសូរ មិនឆាប់ខ្ញាល់ ព្រះអង្គមានព្រះហឫទ័យមេត្តាករុណា ហើយតែងតែប្រែព្រះហឫទ័យ មិនព្រមធ្វើទោសគេទេ។
«សហគមន៍ទាំងមូលរបស់ព្រះអម្ចាស់ចង់ដឹងថា ហេតុអ្វីបានជាអ្នករាល់គ្នាប្រព្រឹត្តមិនស្មោះត្រង់ ចំពោះព្រះរបស់ជនជាតិអ៊ីស្រាអែលបែបនេះ? ហេតុអ្វីបានជាអ្នករាល់គ្នាបែកចិត្តចេញពីព្រះអម្ចាស់ ដោយសង់អាសនៈមួយសម្រាប់អ្នករាល់គ្នាផ្ទាល់នៅថ្ងៃនេះ ដើម្បីបះបោរប្រឆាំងនឹងព្រះអម្ចាស់ដូច្នេះ?
លោកសាំយូអែលទូលព្រះបាទសូលថា៖ «ព្រះករុណាបានប្រព្រឹត្តដោយឥតពិចារណា! គឺព្រះករុណាមិនធ្វើតាមបទបញ្ជាដែលព្រះអម្ចាស់ ជាព្រះរបស់ព្រះករុណា បានបង្គាប់មកទេ។ បើព្រះករុណាធ្វើតាមនោះ ម៉្លេះសមព្រះអម្ចាស់ពង្រឹងរាជ្យរបស់ព្រះករុណា ឲ្យនៅស្ថិតស្ថេរលើជនជាតិអ៊ីស្រាអែលមិនខាន។
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកសាំយូអែលថា៖ «តើអ្នកនៅតែយំសោកស្ដាយសូលដល់ណាទៀត? យើងបោះបង់គេចោល លែងឲ្យធ្វើជាស្ដេចលើជនជាតិអ៊ីស្រាអែលទៀតហើយ។ ចូរយកស្នែងមកចាក់ប្រេងឲ្យពេញ រួចធ្វើដំណើរទៅ។ យើងចាត់អ្នកឲ្យទៅផ្ទះលោកអ៊ីសាយ នៅភូមិបេថ្លេហិម ដ្បិតក្នុងចំណោមកូនប្រុសរបស់គាត់ យើងជ្រើសរើសយកម្នាក់ឲ្យធ្វើជាស្ដេច ដែលត្រូវចិត្តយើង»។